ទស្សនៈវិស័យ និង​បេសកកម្ម

ទស្សនៈវិស័យ
ការបង្កើតគណៈឱសថការីកម្ពុជាគឺដើម្បីប្រមូលផ្តុំឱសថការីទាំងអស់ដែលមាននីតិសម្បទាគ្រប់គ្រាន់ អាចប្រកបវិជ្ជាជីវៈ ឱសថសាស្ត្រ និង អមវេជ្ជសាស្ត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ឱសថការីទាំងអស់ដែលប្រកបវិជ្ជាជីវៈ ឱសថសាស្ត្រ និង អមវេជ្ជសាស្ត្រ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវតែសុំចុះឈ្មោះក្នុងបញ្ជីគណៈឱសថការីកម្ពុជា។

បេសកកម្ម
គណៈឱសថការីកម្ពុជា តាមរយៈការចូលរួមការបំពេញសេវាសាធារណៈផ្នែកសុខភាពសាធារណៈ ទទួលបាននូវបុព្វសិទ្ធិ ដែលរដ្ឋប្រគល់ជូន។ គណៈឱសថការីកម្ពុជា ធានាមើលការប្រព្រឹត្តទៅនៃបណ្តាគោលការណ៍ សីលធម៌ ភាពសុចរិត យុត្តិធម៌ និងភក្តីភាពចាំបាច់ ក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រឱ្យបានគង់វង្ស និងមានប្រសិទ្ធភាព។

គណៈឱសថការីកម្ពុជា ធានាមើលការប្រតិបត្តិរបស់សមាជិកខ្លួនទាំងអស់ ចំពោះករណីយកិច្ចវិជ្ជាជីវៈព្រមទាំងបទប្បញ្ញត្ត ទាំងឡាយដែលមានចែងនៅក្នុងក្រមសីលធម៌ឱសថការី។

គណៈឱសថការីកម្ពុជា ធានាការពារកិត្តិយស និងឥស្សរភាពរបស់វិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ។ គណៈឱសថការីកម្ពុជា បំពេញភារកិច្ចរបស់ខ្លួនតាមរយៈក្រុមប្រឹក្សាគណៈឱសថការីរាជធានី ខេត្តដែលសរសេរអក្សរកាត់ថា ក.ឱ.រ.ខ. ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគដែលសរសេរអក្សរកាត់ថា ក.ឱ.ភ. និងក្រុមប្រឹក្សាគណៈឱសថការីជាតិ ដែលសរសេរអក្សរកាត់ថា ក.ឱ.ជ.